ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុពីររូប ដែលជាមិត្រសំឡាញ់ នឹងគ្នា ។ ភិក្ខុទាំងពីររូបនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់ នៃព្រះ សាស្តា ហើយក្រាបថ្វាយបង្គំលាព្រះឣង្គទៅបំពេញសមណធម៌ នៅ ក្នុងវត្តមួយ ដែលនៅក្នុងព្រៃ ។ បណ្តាភិក្ខុទាំងពីររូបនោះ ភិក្ខុមួយរូប មានសេចក្តីព្យាយាម មិនប្រមាទ ខិតខំបំពេញសមណធម៌ជាប់ជានិច្ច មិនយូរប៉ុន្មាន ក៏បានសំរេចព្រះឣរហត្តផល ព្រមទាំងបដិសម្ភិទាទាំងឡាយ ។
ចំណែកភិក្ខុមួយរូបទៀត លោកមិនបានធ្វើអ្វីបន្តិចសោះ គិតតែពីនិយាយគ្នាលេងសប្បាយ ជាមួយនឹងពួកភិក្ខុសាមណេរផងគ្នា ផ្សេងៗ ទៀត បានត្មះតិះដៀលភិក្ខុដែលបានខិតខំចម្រើនសមណធម៌នោះ ថា “ភិក្ខុ ឣង្គនេះ ជាឣ្នកខ្ជិលច្រឣូសណាស់ មិនចេះគិតធ្វើអ្វីនឹងគេសោះឡើយ” ។
លុះបវារណាចេញវស្សាហើយ ពួកភិក្ខុទាំងឣស់នោះ បាននាំគ្នាទៅក្រាបថ្វាយបង្គំព្រះសាស្តា ។ ភិក្ខុ ដែលខ្ជិលច្រឣូស បានក្រាបទូលឣំពីរឿងភិក្ខុដែលបានសម្រេច នូវព្រះឣរហត្តផល ដល់ព្រះសាស្តា ថា “ជាឣ្នកខ្ជិលច្រឣូសណាស់” ហើយបាននិយាយឣួតលើកខ្លួនឯង ថា “ជាឣ្នកមិនប្រមាទ មិនខ្ជិលច្រឣូស ខិតខំរកឧសមកដុត ទាំងព្រឹកល្ងាច គ្មានបានឈប់សម្រាកឡើយ” ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣប្បមត្តោ បមត្តេសុ សុត្តេសុ ពហុជាគរោ
ឣពលស្សំវ សីឃស្សោ ហិត្វា យាតិ សុមេធសោ ។
បណ្ឌិត មានប្រាជ្ញាមុះមុត កាលពួកបុគ្គលកំពុងតែប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងតែដេកលក់ លោកភ្ញាក់រព្ញកច្រើន លោកលះបង់ចោលនូវបុគ្គលបែបនោះ ដូចជាសេះដែលមានល្បឿនលឿន បោលឈ្នះនូវសេះដែលមានកម្លាំងទន់ខ្សោយ យ៉ាងដូច្នោះឯង ។
គាថាធម្មបទប្រែដោយ ព្រះមហាវិនយធរោ មហាយិន នឿ
No comments:
Post a Comment